បទប្បញ្ញតិ្តទូទៅ

នៃការប្រឡងប្រណាំងទីក្រុងស្អាតលើកទី៣ (២០២២-២០២៥)

ហេតុអ្វីត្រូវចូលរួមការប្រឡងប្រណាំង ទីក្រុងស្អាត ?

  • ជួយលើកកម្ពស់ជីវភាព និងមជ្ឈដ្ឋានរស់នៅរបស់ប្រជាពលរដ្ឋនៅតាមបណ្តាទីក្រុង។
  • ជួយពង្រឹង និងលើកកម្ពស់រូបភាពនៅតាមបណ្តាទីក្រុងនៅទូទាំព្រះរាជាណាចក្រកម្ពុជា។
  • ជាឧបករណ៍ផ្សព្វផ្សាយ”សេវាកម្មបៃតង”។
  • ចូលរួមការការពារ និងលើកកម្ពស់បរិស្ថាន។
  • ពង្រឹង និងអភិវឌ្ឍន៍សេដ្ឋកិច្ចនៅតាមបណ្តាទីក្រុង។
  • ធ្វើឲ្យមានសមភាពក្នុងសង្គម ពិសេសការកាត់បន្ថយភាពក្រីក្រតាមរយៈវិស័យទេសចរណ៍ដោយជំរុញ និងពង្រីកលំហូរភ្ញៀវទេសចរណ៍ទៅគ្រប់តំបន់នៃព្រះរាជាណាចក្រកម្ពុជា។

គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត គ.ជ.វ.ទ

ចលនាប្រឡងប្រណាំងទីក្រុងស្អាត រៀបចំឡើងក្នុងគោលបំណងលើកកម្ពស់សោភ័ណភាពបរិស្ថានអនាម័យ និងសណ្តាប់ធ្នាប់ទីក្រុង-ខណ្ឌ (២៧ទីក្រុង-១៤ខណ្ឌ នៃរាជធានីភ្នំពេញ) នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសចូលរួមក្នុងកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តអភិវឌ្ឍនានារបស់រាជរដ្ឋា-ភិបាល។

ដើម្បីជាការលើកទឹកចិត្ត រាជរដ្ឋាភិបាលនឹងផ្តល់រង្វាន់ដល់ទីក្រុង-ខណ្ឌ ដែលបានខិតខំប្រឹងប្រែងក្នុងការរៀបចំ និងអភិវឌ្ឍន៍ទីក្រុងខ្លួន ពិសេសថែរក្សាការពារបរិស្ថាន និងបានជំរុញឲ្យតួអង្គសំខាន់ៗក្នុងវិស័យ ទេសចរណ៍ បង-ប្អូនប្រជាពលរដ្ឋេ និងគ្រប់ភាគីពាក់ព័ន្ធបានចូលរួមចំណែក យ៉ាងសកម្មក្នុងការគ្រប់គ្រងបរិស្ថាននៅតាមបណ្តាទីក្រុង។

ក្រៅពីរង្វាន់ដែលផ្តល់រាជរដ្ឋាភិបាលទីក្រុង-ខណ្ឌបេក្ខភាព ក៏នឹងទទួលបានស្លាកសញ្ញាសំគាល់ទីក្រុងស្អាត ដែលចេញដោយ គ.ជ.វ.ទ. ផងដែលក្រោយទទួលបានវិញ្ញាបនបត្រទទួលស្គាល់ដោយនាយករដ្ឋមន្រ្តី។

កាលបរិច្ឆេទ និងទទួល

  • ០១/កញ្ញា/២០២១ ដល់ ១៥/វិច្ឆិកា/២០២១

    កាលបរិចេ្ឆទផ្តល់ និងទទួល

    ពាក្យសុំចូលរួមការប្រឡងប្រណាំងទីក្រុងស្អាត

  • ១៦/វិច្ឆិកា/២០២១ ដល់ ១៥/មករា/២០២២

    កាលបរិច្ឆេទក្នុងការពិនិត្យ លើឯកសារ

    និងចុះពិនិត្យទីតាំង និងវាយតម្លៃជាលើកចុងក្រោយរបស់ គ.ជ.វ.ទ

  • ១៦/មករា ដល់ ២៨/កុម្ភៈ/២០២២

    កាលបរិចេ្ឆទនៃ

    ការពិនិត្យបូកសរុបពិន្ទុនៃការប្រឡងប្រណាំងទីក្រុងស្អាតលើកទី៣

  • តុលា/២០២២

    ការប្រកាស

    លទ្ធផលផ្លូវការ

  • ២៧/កុម្ភៈ/២០២៣

    ការប្រកាស

    និងផ្តល់រង្វាន់ដល់ទីក្រុង-ខណ្ឌជ័យលាភី

ទីក្រុង-ខណ្ឌ ដែលបានត្រូវចូលរួមការប្រឡង

គ.ជ.វ.ទ. នឹងធ្វើការរៀបចំការប្រឡងប្រណាំងទីក្រុងស្អាតជារៀងរាល់ ០៣ (បី) ឆ្នាំម្តង ដោយមានការចូលរួមពីទីក្រុង-ខណ្ឌនៅទូទាំងព្រះរាជាណាចក្រកម្ពុជា (ទីក្រុង-ខណ្ឌទាំងអស់ត្រូវចូលរួមការប្រឡងប្រណាំងដោយកាតព្វកិច្ច) ដែលមានឈ្មោះដូចខាងក្រោម៖

  • ១. ក្រុងកំពង់ចាម
  • ២. ក្រុងសួង
  • ៣. ក្រុងតាខ្មៅ
  • ៤. ក្រុងបាត់ដំបង
  • ៥. ក្រុងព្រៃវែង
  • ៦. ក្រុងសៀមរាប
  • ៧. ក្រុងប៉ោយប៉ែត
  • ៨. ក្រុងសេរីសោភណ្ឌ
  • ៩. ក្រុងដូនកែវ
  • ១០. ក្រុងច្បារមន
  • ១១. ក្រុងស្ទឹងសែន
  • ១២. ក្រុងកំពង់ឆ្នាំង
  • ១៣. ក្រុងកំពត
  • ១៤. ក្រុងស្វាយរៀង
  • ១៥. ក្រុងបាវិត
  • ១៦. ក្រុងពោធិ៍សាត់
  • ១៧. ក្រុងខេមរភូមិន្ទ
  • ១៨. ក្រុងក្រចេះ
  • ១៩. ក្រុងព្រះសីហនុ
  • ២០. ក្រុងបានលុង
  • ២១. ក្រុងព្រះវិហារ
  • ២២. ក្រុងស្ទឹងត្រែង
  • ២៣. ក្រុងសំរោង
  • ២៤. ក្រុងសែនមនោរម្យ
  • ២៥. ក្រុងប៉ៃលិន
  • ២៦. ក្រុងកែប
  • ២៧. ខណ្ឌ៧មករា
  • ២៨. ខណ្ឌចំការមន
  • ២៩. ខណ្ឌដង្កោ
  • ៣០. ខណ្ឌដូនពេញ
  • ៣១. ខណ្ឌទួលគោក
  • ៣២. ខណ្ឌមានជ័យ
  • ៣៣. ខណ្ឌសែនសុខ
  • ៣៤. ខណ្ឌឬស្សីកែវ
  • ៣៥. ខណ្ឌពោធិ៍សែនជ័យ
  • ៣៦. ខណ្ឌជ្រោយចង្វារ
  • ៣៧. ខណ្ឌច្បារអំពៅ
  • ៣៨. ខណ្ឌព្រែកព្នៅ
  • ៣៩. ខណ្ឌកំបូល
  • ៤០. ខណ្ឌបឹងកេងកង
  • ៤១. ក្រុងកោះរ៉ុង

*** សំគាល់

ទីក្រុង - ខណ្ឌបេក្ខភាពអាចទទួលបានពាក្យសុំចូលរួមការប្រឡងប្រណាំងពី គ.ជ.វ.ទ
គ.ជ.វ.ទ នឹងធ្វើការពិនិត្យលើពាក្យសុំចូលរួមរបស់ទីក្រុង-ខណ្ឌបេក្ខភាព និងឯកសារពាក់ព័ន្ធនានា ដែលភ្ជាប់មកជាមួយ ( គ.ជ.វ.ទ. រក្សាសិទ្ធិក្នុងការស្នើសុំឯកសារពាក់ព័ន្ធបន្ថែម )។

នីតិវិធីនៃការប្រឡងប្រណាំង

ទីក្រុង-ខណ្ឌបេក្ខភាពទាំងអស់មានរយៈពេល ៣០ថ្ងៃ ក្នុងការទទួល និងដាក់ពាក្យសុំ និងបំពេញឯកសារ​ចូលរួមប្រឡងប្រណាំង ចាប់ពីថ្ងៃប្រកាសផ្សព្វផ្សាយជាផ្លូវការ នៃការប្រឡងប្រណាំងទីក្រុងស្អាតដោយ គ.ជ.វ.ទ.។

ក្រោយពីបានទទួលឯកសារបំពេញ ដោយទីក្រុង-ខណ្ឌបេក្ខភាព គ.ជ.វ.ទ. មានរយៈពេល ០៧(ប្រាំពីរ)ខែក្នុងការពិនិត្យ និងវាយតម្លៃជាលើកចុងក្រោយ មុននឹងបញ្ចូនទៅនាយករដ្ឋមន្រ្តី ដើម្បីពិនិត្យ និងសម្រេចផ្តល់ជ័យលាភីដល់ក្រុង-ខណ្ឌបេក្ខភាព។ ក្រោយទទួលបាននៅវិញ្ញាបនបត្រទទួលស្គាល់ដោយនាយករដ្ឋមន្រ្តី គ.ជ.វ.ទ នឹងរៀបចំពិធីប្រគល់រង្វាន់ និងស្លាកសញ្ញាជាផ្លូវការដល់ក្រុង-ខណ្ឌដែលទទួលបានជ័យលាភី

សូចនាករ និងលក្ខណៈវិនិច្ឆ័យក្នុងការវាយតម្លៃ

មូលដ្ឋាននៃការវាយតម្លៃផ្អែកលើសូចនាករគោលសំខាន់ៗចំនួន០៧ (ប្រាំពីរ) ដូចជា ៖

  • ១) សូចនាករគោលនៃការរៀបចំ និងគ្រប់គ្រងបរិស្ថាន
  • ២) សូចនាករគោលនៃភាពស្អាត
  • ៣) សូចនាករគោលនៃការគ្រប់គ្រងសំណល់
  • ៤) សូចនាករគោល នៃការបញ្រ្ជាបការយល់ដឹង
  • ៥) សូចនាករគោលនៃតំបន់បៃតង នឹងខ្សែក្រវាត់បៃតង
  • ៦) សូចនាករគោលនៃសុវត្ថិភាពសុខភាពសាធារណៈ សន្តិសុខ និងសណ្តាប់ធ្នាប់ទីក្រុង
  • ៧) សូចនាករគោលនៃហេដ្ឋារចនាសម្ព័ន្ធ និងសម្បទាទេសចរណ៍

ដែលត្រូវបានបែងចែកជាសូចនាករលម្អិតចំនួន ៤១ និងត្រូវបានដាក់ពិន្ទុតាមលក្ខណ-វិនិច្ឆ័យ ចំនួន ១១៣(ស្មើរនឹង ១២០ពិន្ទុ) សម្រាប់ធ្វើការវាយតម្លៃ និងសម្រេចផ្តល់ជ័យលាភីជូនទីក្រុង -ខណ្ឌបេក្ខភាព។

សុពលភាព និងកម្រិតនៃពានរង្វាន់ និងស្លាកសញ្ញាសម្រាប់ទីក្រុងជ័យលាភី

ក្រុង-ខណ្ឌបេក្ខភាពដែលបំពេញ បានតាមសូចនាករ និងលក្ខណ-វិនិច្ឆ័យ ដែលបានចែងក្នុងស្តង់ដាទីក្រុងស្អាត នឹងទទួលពានរង្វាន់ និងស្លាកសញ្ញាទីក្រុងស្អាត ដែលមានឡាបិលរូបផ្ការំដួលសម្រាប់រយៈពេល ០៣ (បី) ឆ្នាំ។ ពានរង្វាន់ និងស្លាកសញ្ញាទីក្រុងស្អាត ដែលនឹងទទួលបានជាអនុគមន៍នឹងពិន្ទុ ដូចខាងក្រោម៖

ឡាបិលរូបផ្ការំដួល ៣ទង

ឡាបិលរូបផ្ការំដួល ០៣ ទង ត្រូវប្រគល់ជូនក្រុង - ខណ្ឌ ដែលបានពិន្ទុចន្លោះពី ៩០ និង ១២០ នៃលក្ខណៈវិនិច្ឆ័យ (យ៉ាងហោចណាស់ស្មើនឹង ៧៥% នៃពិន្ទុសរុប)។

ឡាបិលរូបផ្ការំដួល ២ទង

ឡាបិលរូបផ្ការំដួល ០២ទង ត្រូវប្រគល់ជូនក្រុង - ខណ្ឌដែលបានពិន្ទុចន្លោះពី ៧២ និង ៨៩ នៃលក្ខណៈវិនិច្ឆ័យ (យ៉ាងហោចណាស់ស្មើនឹង ៦០% នៃពិន្ទុសរុប)។

ឡាបិលរូបផ្ការំដួល ១ទង

ឡាបិលរូបផ្ការំដួល ០១ទង ត្រូវប្រគល់ជូនក្រុង - ខណ្ឌ ដែលបានពិន្ទុចន្លោះពី ៤៨ និង ៧១ នៃលក្ខណៈវិនិច្ឆ័យ (យ៉ាងហោចណាស់ស្មើនឹង ៤០% នៃពិន្ទុសរុប)។

*** សំគាល់

ចំពោះទីក្រុង-ខណ្ឌបេក្ខភាពដែលមិនទទួលបានជ័យលាភីក្នុងការប្រឡងប្រណាំងទីក្រុងស្អាត អាចនឹងទទួលបានរង្វាន់លើកទឹកចិត្តបន្ថែមទៅតាម ពិន្ទុដែលទទួលបានទៅលើសូចនាករ គោលនីមួយៗនៃស្តង់ដាទីក្រុងស្អាត។

ការផ្លាស់ប្ដូរ ឬដកហូតឡាបិលទីក្រុងស្អាត

គ.ជ.វ.ទ. មានសិទ្ធិធ្វើការស្នើសុំទៅរាជរដ្ឋាភិបាលដើម្បីធ្វើការផ្លាស់ប្ដូរ ឬដកហូតឡាបិលទីក្រុងស្អាតភ្លាមៗពីទីក្រុង-ខណ្ឌជ័យលាភី ឬក្នុងរយៈពេលកំណត់ណាមួយ ដោយធ្វើការជូនដំណឹងជាមុន។

ការផ្លាស់ប្ដូរ ឬការដកហូតឡាបិល ទីក្រុស្អាតធ្វើឡើងដោយផ្អែកលើភាពមិនប្រក្រតី ដែលនាំឱ្យមានការប៉ះពាល់ដល់លក្ខណវិនិច្ឆ័យដែលបានកំណត់ក្នុងស្តង់ដាទីក្រុងស្អាត។

គ.ជ.វ.ទ. នឹងធ្វើការជូនដំណឹងដល់ទីក្រុង-ខណ្ឌជ័លាភីនៅពេលដែល គ.ជ.វ.ទ. ពិនិត្យឃើញថាលក្ខណ-វិនិច្ឆ័យ ដែលធ្លាប់បំពេញបានមាន ការប្រែប្រួលនឹងផ្ទុយពីការកំណត់ក្នុងទីក្រុងស្អាត។

ក្រោយទទួលបានសេចក្ដីជូនដំណឹង ពី គ.ជ.វ.ទ. ទីក្រុង-ខណ្ឌជ័លាភីត្រូវ រៀបចំវិធានការជាបន្ទាន់ក្នុងការកែលម្អ។ ករណីមិនអនុវត្តតាម គ.ជ.វ.ទ. នឹងធ្វើការស្នើសុំទៅរាជ-រដ្ឋាភិបាលដើម្បីផ្លាស់ប្ដូរ ឬដកហូតឡាបិលទីក្រុងស្អាតពីទីក្រុង-ខណ្ឌទាំងនោះ។

ឡាបិលទីក្រុងស្អាត

ទីក្រុង-ខណ្ឌបេក្ខភាព ដែលទទួលបានជ័យលាភីទៅលើការប្រឡងប្រណាំង នឹងទទួលបានឡាបិលទីក្រុងស្អាត ដែលទទួលស្គាល់ពីគុណភាព និងការយកចិត្តទុកដាក់ដល់បរិស្ថាន ភាពស្អាត និងមជ្ឈ- ដ្ឋានរស់នៅប្រកបទៅដោយភាពទាក់ទាញ និងផ្ដល់ភាពកក់ក្ដៅដល់ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។

ឡាបិលរូបផ្ការំដួល សម្រាប់បញ្ជាក់ ជ័យលាភីទីក្រុងស្អាតមានរូបសញ្ញាដូចខាងក្រោម៖

ឡាបិល ៣ទង

ឡាបិលរូបផ្ការំដួល សម្រាប់ជ័យលាភីទីក្រុងស្អាត ដែលទទួលបាន៣ទង

ឡាបិល ២ទង

ឡាបិលរូបផ្ការំដួល សម្រាប់ជ័យលាភីទីក្រុងស្អាត ដែលទទួលបាន២ទង

ឡាបិល ១ទង

ឡាបិលរូបផ្ការំដួល សម្រាប់ជ័យលាភីទីក្រុងស្អាត ដែលទទួលបាន១ទង

គណៈ​កម្មធិការ​ជាតិ​វាយ​តម្លៃ​ទីក្រុងស្អាត

អាគារលេខ: ៣A, ផ្លូវលេខ១៦៩, សង្កាត់វាលវង់, ខណ្ឌ៧មករា, រាជធានីភ្នំពេញ

ទូរសព្ទ័លេខ : ០៩២ ៨០០ ៣៧៩
E-mail: ccad.ncca@gmail.com
Website: www.cambodiacleancity.com